Endrick ត្រូវបានណែនាំឱ្យផ្ទេរមក Tottenham ដើម្បីស្រោចស្រង់អាជីពដែលកំពុងជាប់គាំង
អត្ថបទសរសេរដោយ Bonat • 87 views
អតីតតារាបាល់ទាត់ប្រេស៊ីល Sandro បានជំរុញឱ្យខ្សែប្រយុទ្ធវ័យក្មេង Endrick សម្រេចចិត្តចាកចេញពី Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើងមកកាន់ Tottenham Hotspur ដើម្បីស្វែងរកឱកាសចូលលេងឱ្យបានទៀងទាត់ និងស្តារទំនុកចិត្តឡើងវិញ។ បន្ទាប់ពីផ្លាស់ប្តូរគ្រូបង្វឹកមកលោក Xabi Alonso Endrick ហាក់មិនស្ថិតក្នុងជម្រើសដំបូងឡើយ ដោយបង្ហាញខ្លួនបានត្រឹមតែ ៣ ប្រកួត ប៉ុណ្ណោះក្នុងរដូវកាលនេះ។ បញ្ហារបួសកាលពីដើមរដូវកាល ក៏បានធ្វើឱ្យគេបាត់បង់ចង្វាក់លេងផងដែរ។ ដោយសារមិនសូវបានចូលលេង លោក Ancelotti (គ្រូប្រេស៊ីល) មិនទាន់បានហៅគេចូលរួមក្រុមជម្រើសជាតិនៅឡើយទេ។ លោកបានណែនាំថា Endrick ចាំបាច់ត្រូវតែបានលេងបាល់ឱ្យបានច្រើន ដើម្បីមានឱកាសចូលរួមក្នុង World Cup 2026។
Sandro ជឿជាក់ថា Spurs គឺជាបរិយាកាសដ៏ល្អបំផុតសម្រាប់ Endrick ក្នុងការបញ្ចេញសមត្ថភាព និងស្វែងរកក្តីសុខក្នុងបាល់ទាត់ឡើងវិញ។ លោកបាននិយាយថា៖ "មក Premier League មក! កុំនៅគ្រាន់តែជាកីឡាករ Real Madrid ដែលមិនបានចូលលេងអី"។ Sandro សង្កត់ធ្ងន់ថា Endrick ត្រូវតែជាផ្នែកមួយនៃក្រុមដែលផ្តល់តម្លៃ និងឱ្យគេលេង ជាជាងការស្នាក់នៅក្លិបធំតែត្រូវអង្គុយបម្រុង។ បច្ចុប្បន្នក្លិប Lyon នៅបារាំងត្រូវបានគេមើលឃើញថាជាទិសដៅដែល Endrick ពេញចិត្តជាងគេ ព្រោះគេចង់បានការធានានាទីចូលលេង។ ក្លិប Madrid ចង់ឱ្យគេផ្ទេរទៅក្លិបក្នុងលីគអេស្ប៉ាញ ដើម្បីងាយស្រួលក្នុងការសុំសញ្ជាតិអេស្ប៉ាញ ប៉ុន្តែ Endrick បានបដិសេធ ដោយសារគេចង់ទៅក្លិបណាដែលផ្តល់នាទីលេងឱ្យគេច្រើនបំផុត។
