គ្រូបង្វឹកបារាំងលោក Deschamps នឹងអវត្តមានក្នុងជំនួបកាត់សេចក្តីជាមួយន័រវែស ដើម្បីហោះត្រឡប់ទៅស្រុកកំណើតវិញ ក្រោយទទួលដំណឹងថាអ្នកម្តាយបង្កើតបានទទួលមរណភាព
អត្ថបទសរសេរដោយ Danny • 30 views
សហព័ន្ធបាល់ទាត់បារាំង (FFF) បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយបញ្ជាក់ថា គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង លោក Didier Deschamps បានចាកចេញពីគំហើញក្រុមនៅសហរដ្ឋអាមេរិក ដើម្បីហោះត្រឡប់ទៅប្រទេសបារាំងវិញភ្លាមៗ បន្ទាប់ពីទទួលដំណឹងដ៏ក្តុកក្តួលថា អ្នកម្តាយបង្កើតរបស់លោកបានទទួលមរណភាព កាលពីព្រឹកថ្ងៃអង្គារ។
នៅក្នុងកំឡុងពេលដ៏ក្រៀមក្រំនេះ តួនាទីដឹកនាំក្រុមមាន់គកបារាំងជាបណ្តោះអាសន្ន ត្រូវបានប្រគល់ជូនលោក Guy Stephan ដែលជាជំនួយការផ្ទាល់ ដើម្បីដឹកនាំក្រុមប្រកួតក្នុងជំនួបចុងក្រោយនៃវគ្គចែកពូល I ទល់នឹងក្រុមជម្រើសជាតិន័រវែស (Norway) នាថ្ងៃសុក្រខាងមុខនេះ។
ទោះបីជាបារាំងបានកក់កៅអីឡើងទៅវគ្គ ៣២ ក្រុមរួចរាល់ហើយក្តី ប៉ុន្តែការប្រកួតទល់នឹងន័រវែស គឺជាជំនួបកាត់សេចក្តីរកក្រុមលេខ ១ ប្រចាំពូល ព្រោះក្រុមទាំងពីរមាន ៦ ពិន្ទុស្មើគ្នា។ ក្រុមការងារ និងកីឡាករទាំងអស់ប្តេជ្ញានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យជម្នះជូនលោក Deschamps ក្នុងព្រឹត្តិការណ៍ World Cup 2026 នេះ។
គួររំលឹកផងដែរថា បុរសវ័យ ៥៨ ឆ្នាំរូបនេះ បានប្រកាសរួចរាល់ហើយថា លោកនឹងលាឈប់ពីតំណែងគ្រូបង្វឹកបារាំងជាផ្លូវការ បន្ទាប់ពីបញ្ចប់យុទ្ធនាការ World Cup នេះទៅ។ លោកបានដឹកនាំបារាំងតាំងពីឆ្នាំ ២០១២ ដោយឆ្លងកាត់ការប្រកួតចំនួន ១៨១ ដង ឈ្នះ ១១៨ ដង និងបានជួយក្រុមលើកពានរង្វាន់ធំៗដូចជា World Cup 2018 និង UEFA Nations League 2021 ផងដែរ។ ចំពោះថ្ងៃដែលលោកនឹងត្រឡប់មកដឹកនាំក្រុមវិញនៅក្នុងវគ្គបន្ត គឺមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។