បំបែកកំណត់ត្រាពិភពលោក! អ្នកចាំទីក្រុម Curaçao សាងប្រវត្តិសាស្ត្រដ៏អស្ចារ្យមិនធ្លាប់មានក្នុង World Cup ក្រោយសង្គ្រោះបាល់ ១៥ ដងទល់នឹង Ecuador
អត្ថបទសរសេរដោយ Danny • 36 views
វាពិតជាព្រឹត្តិការណ៍ FIFA World Cup 2026 ដែលពោរពេញដោយរឿងរ៉ាវមិននឹកស្មានដល់សម្រាប់អ្នកចាំទីមកពីប្រទេសដែនកោះតូចៗ។ បន្ទាប់ពីអ្នកចាំទី Vozinha របស់ក្រុមកាប់វែរ (Cabo Verde) ទទួលបានការល្បីល្បាញពេញបណ្តាញសង្គមកាលពីសប្តាហ៍មុន ពេលនេះពិភពលោកបានរកឃើញវីរៈបុរសថ្មីម្នាក់ទៀតហើយ គឺអ្នកចាំទីជើងចាស់ Eloy Room របស់ក្រុមជម្រើសជាតិ Curaçao។ រូបគេបានបង្កើតទម្រង់លេងដ៏អស្ចារ្យឆក់យកបេះដូងអ្នកគាំទ្រ ក្នុងជំនួបស្មើគ្នាដ៏ភ្ញាក់ផ្អើលទល់នឹងក្រុមខ្លាំង Ecuador កាលពីល្ងាចថ្ងៃសៅរ៍ នៅក្នុងទីក្រុង Kansas City ព្រមទាំងបានកត់ត្រាឈ្មោះក្នុងប្រវត្តិសាស្ត្រ World Cup ទៀតផង។
Eloy Room ដែលបច្ចុប្បន្នកំពុងលេងឱ្យក្លិប Miami FC ក្នុងលីគលំដាប់ទីពីររបស់អាម៉េរិក (USL Championship) បានបង្ហាញភាពសាហាវខុសពីធម្មតា ដោយបានហក់សង្គ្រោះបាល់ (Saves) បានរហូតដល់ទៅ ១៥ ដង ម្នាក់ឯងក្នុងទឹកដីការពារសំណាញ់ទី។ ការសង្គ្រោះបាល់ដ៏ច្រើនលើសលប់នេះ បានបង្កើតនូវកំណត់ត្រាពិភពលោកថ្មីមួយ ក្នុងនាមជាអ្នកចាំទីដែលសង្គ្រោះបាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ World Cup (គិតចាប់តាំងពីឆ្នាំ ១៩៦៦ មក) សម្រាប់ការប្រកួតរយៈពេល ៩០ នាទី (ដែលមិនមានថែមម៉ោងលេង Extra-time)។
កាលពីមុន អតីតអ្នកចាំទីជម្រើសជាតិសហរដ្ឋអាម៉េរិក Tim Howard ធ្លាប់បានធ្វើការ Saves ចំនួន ១៦ ដង ក្នុងជំនួបទល់នឹងប៊ែលហ្សិក កាលពី World Cup 2014 ប៉ុន្តែកាលនោះលោកត្រូវលេងដំឡើងរហូតដល់ទៅ ៣០ នាទីនៃវគ្គថែមម៉ោងទើបអាចធ្វើបាន។ ដោយឡែកសម្រាប់ Eloy Room វិញ រូបគេស្ទើរតែអាចតាមទាន់កំណត់ត្រារបស់ Tim Howard ទៅហើយ ដោយប្រើពេលត្រឹមតែ ៩០ នាទីផ្លូវការប៉ុណ្ណោះ។ នេះជាការផ្លាស់ប្តូរទម្រង់លេងដ៏អស្ចារ្យបំផុត បន្ទាប់ពីរូបគេទើបតែបានរបូតគ្រាប់បាល់រហូតដល់ ៧ គ្រាប់ កាលពីជំនួបបើកឆាកទល់នឹងក្រុមអាល្លឺម៉ង់កាលពីសប្តាហ៍មុន។ អ្វីដែលរឹតតែពិសេសនោះ គឺការលះបង់របស់គេបានជួយឱ្យ Curaçao ទទួលបានពិន្ទុដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup របស់ក្លិបផងដែរ។