Cristiano Ronaldo ក្លាយជាកីឡាករដំបូងគេបង្អស់ដែលអាចស៊ុតបញ្ចូលទីបានក្នុងព្រឹត្តិការណ៍ World Cup ដល់ទៅ 6 ជំនាន់ផ្សេងគ្នា
អត្ថបទសរសេរដោយ Danny • 33 views
បន្ទាប់ពីរងការរិះគន់យ៉ាងខ្លាំងជុំវិញទម្រង់លេងមិនសូវល្អក្នុងជំនួបបើកឆាកជាមួយកុងហ្គោ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានប្រើពេលមិនដល់ ៦ នាទីផង ក្នុងការរកគ្រាប់បាល់នាំមុខឱ្យព័រទុយហ្គាល់ សម្រាប់ការប្រកួតទីពីរទល់នឹងអ៊ុយប៊េគីស្ថាន នៅកីឡដ្ឋាន Houston Stadium។
គ្រាប់បាល់នេះកើតឡើងពីការអូសដាច់យ៉ាងស្អាតនៅស្លាបស្តាំពីសំណាក់ Joao Cancelo មុននឹងបញ្ជូនបាល់កាត់ចូលក្នុងប្រអប់ទី ហើយ Ronaldo បានរត់មកឆក់ឱកាសប៉ះបាល់មួយជើងយ៉ាងលឿនបញ្ចូលទីយ៉ាងស្អាត។ គ្រាប់បាល់ដ៏សំខាន់នេះ បានធ្វើឱ្យខ្សែប្រយុទ្ធវ័យ ៤១ ឆ្នាំរូបនេះ ក្លាយជាមនុស្សដំបូងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ដែលអាចស៊ុតបញ្ចូលទីបានក្នុងការប្រកួត World Cup ចំនួន ៦ ជំនាន់ផ្សេងគ្នា (ចាប់តាំងពីឆ្នាំ ២០០៦, ២០១០, ២០១៤, ២០១៨, ២០២២ និង ២០២៦)។
គួរដឹងដែរថា កំណត់ត្រាបង្ហាញខ្លួនក្នុង World Cup ៦ ជំនាន់នេះ គឺកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគូប្រជែងចាស់របស់លោក គឺ Lionel Messi បានធ្វើពលកម្មនេះមុនមួយថ្ងៃ។ បច្ចុប្បន្ន Messi វ័យ ៣៨ ឆ្នាំ កំពុងក្តោបក្តាប់កំណត់ត្រាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុង World Cup (១៨ គ្រាប់) ក្រោយស៊ុតថែម ២ គ្រាប់ទៀតទល់នឹងអូទ្រីស ខណៈដែល Ronaldo ទើបតែរកបាន ៩ គ្រាប់នៅឡើយ។
ទោះជាយ៉ាងណា ជ័យជម្នះ និងគ្រាប់បាល់ដំបូងរបស់ Ronaldo ក្នុងជំនួបនេះ បានធ្វើឱ្យអ្នកគាំទ្រ និងអ្នកវិភាគល្បីៗជាច្រើន ដូចជាលោក Owen Hargreaves និងលោក Lee Dixon ចេញមុខកោតសរសើរមិនដាច់ពីមាត់ជុំវិញភាពឆ្លាតវៃ និងការរត់ចូលទីតាំងស៊ុតដ៏ឥតខ្ចោះរបស់លោក បើទោះបីជាស្ថិតក្នុងវ័យជ្រេទៅហើយក្តី។