បច្ចុប្បន្នភាពអនាគតរបស់ Christian Pulisic៖ តើនឹងវិលត្រលប់ទៅ Premier League ឬយ៉ាងណា?
អត្ថបទសរសេរដោយ Bonat • 87 views
ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាមេរិក Christian Pulisic កំពុងក្លាយជាប្រធានបទក្តៅគគុកនៅលើទីផ្សារដោះដូរកីឡាករ បន្ទាប់ពីមានព័ត៌មានថា Manchester United ចាប់អារម្មណ៍ចង់បានរូបគេ ខណៈកិច្ចសន្យាថ្មីជាមួយ AC Milan នៅមិនទាន់មានការព្រមព្រៀង។ បើទោះជាមានព័ត៌មានតភ្ជាប់រូបគេជាមួយ Man Utd និង Liverpool ក៏ដោយ ប៉ុន្តែអ្នកជំនាញទីផ្សារដោះដូរ Fabrizio Romano បានបញ្ជាក់ថា ពុំទាន់មានការចរចា ឬទំនាក់ទំនងណាមួយពីបណ្តាក្លិបនៅអង់គ្លេសនៅឡើយទេ។ បច្ចុប្បន្ន AC Milan ចាត់ទុក Pulisic ជាកីឡាករសំខាន់បំផុត និង "មិនអាចលក់បាន" (Untouchable)។ កុងត្រារបស់គេនឹងផុតកំណត់នៅឆ្នាំ ២០២៧ ប៉ុន្តែក្លិបបានដាក់សំណើបន្តកុងត្រាថ្មីជាយូរមកហើយ ដែល Pulisic នៅមិនទាន់យល់ព្រមចុះហត្ថលេខា។
អតីតកីឡាករ Brad Friedel យល់ថា Pulisic ប្រហែលជាចង់ "រក្សាជម្រើសឱ្យនៅចំហ" ឬមិនទាន់ពេញចិត្តនឹងលក្ខខណ្ឌហិរញ្ញវត្ថុថ្មី បើទោះបីជារូបគេកំពុងមានសេចក្តីសុខក្នុងការលេងនៅអ៊ីតាលីក៏ដោយ។ ចាប់តាំងពីផ្ទេរមក Milan ក្នុងឆ្នាំ ២០២៣ គេស៊ុតបញ្ចូលទីបាន ៤២ គ្រាប់ ក្នុងការបង្ហាញខ្លួន ១១៥ ប្រកួត ដែលស័ក្តិសមនឹងការទទួលបានការតម្លើងប្រាក់ពលកម្មខ្ពស់។ Milan ត្រៀមនឹងត្រលប់មកតុចរចាវិញក្នុងពេលឆាប់ៗ ជាមួយសំណើដែលប្រសើរជាងមុន ដើម្បីបញ្ចៀសការចាប់អារម្មណ៍ពីក្លិបដទៃនៅឆ្នាំ ២០២៦។ ចំណែកឯ Pulisic ផ្ទាល់ ក៏កំពុងពិចារណាលើជម្រើសដែលល្អបំផុតសម្រាប់រូបគេ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ World Cup 2026 ដែលអាមេរិកធ្វើជាម្ចាស់ផ្ទះ។
