Bruno Fernandes បង្ហាញការពិត៖ ធ្លាប់បដិសេធសំណើចាកចេញពី Man Utd ២ ដង
អត្ថបទសរសេរដោយ Bonat • 90 views
ប្រធានក្រុម Manchester United កីឡាករ Bruno Fernandes បានទម្លាយឱ្យដឹងពីភាពស្មោះត្រង់របស់គេចំពោះក្លិប ទោះបីជាឆ្លងកាត់ដំណាក់កាលដ៏លំបាក និងមិនសូវទទួលបានជោគជ័យដូចការរំពឹងទុកក៏ដោយ។ Bruno បានបង្ហើបថា លោកធ្លាប់មានឱកាសចាកចេញពី Old Trafford ចំនួន ២ ដង ប៉ុន្តែលោកបានសម្រេចចិត្តស្នាក់នៅបន្ត បន្ទាប់ពីក្លិបបានប្រាប់ថា "យើងត្រូវការអ្នក"។ លោកចង់តបស្នងចំពោះអ្វីដែលក្លិបបានផ្តល់ឱ្យលោកវិញ។ មូលហេតុចម្បងដែលខ្សែបម្រើវ័យ ៣១ ឆ្នាំរូបនេះស្នាក់នៅបន្ត គឺដោយសារលោកជឿជាក់លើគម្រោងរបស់ក្លិបក្នុងការវិលត្រលប់ទៅរកភាពខ្លាំង និងដណ្តើមពានរង្វាន់ធំៗឡើងវិញ។ លោកបញ្ជាក់ថា ប្រសិនបើក្លិបគ្មានមហិច្ឆតានេះទេ លោកក៏មិននៅទីនេះដែរ។
Bruno បានសារភាពដោយស្មោះថា រយៈពេលកន្លងមកនៅ United "មិនមែនជាអ្វីដែលលោកចង់បានទាំងស្រុងនោះទេ" ព្រោះលោកចង់លើកពានឱ្យបានច្រើនជាងនេះ។ លោកដឹងច្បាស់ថា ប្រសិនបើលោកជ្រើសរើសផ្លូវផ្សេង លោកប្រហែលជាអាចឈ្នះពានបានច្រើនជាងបច្ចុប្បន្ន។ ទោះបីជា Man Utd កំពុងឈរនៅលេខ ៦ ក្នុងលីគ និងមិនមានកៅអីលេងនៅអឺរ៉ុបក្នុងរដូវកាលនេះក៏ដោយ ក៏ Bruno នៅតែប្តេជ្ញាចិត្តជួយក្លិបឱ្យអស់ពីសមត្ថភាព ដើម្បីនាំបិសាចក្រហមត្រលប់ទៅរកភាពរុងរឿងវិញ។
