ពួកយើងជឿជាក់លើបងជានិច្ច!» Bruno Alves ចេញមុខការពារ Cristiano Ronaldo យ៉ាងក្តៅគគុក ក្រោយរងការរិះគន់ខ្លាំងនៅ World Cup 2026
អត្ថបទសរសេរដោយ Danny • 35 views
ខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo ទទួលបានការគាំទ្រយ៉ាងរឹងមាំពីសំណាក់អតីតមិត្តរួមក្រុមជម្រើសជាតិគឺលោក Bruno Alves ស្របពេលដែលប្រធានក្រុមព័រទុយហ្កាល់រូបនេះកំពុងប្រឈមមុខនឹងការរិះគន់យ៉ាងចាស់ដៃពីមហាជន ជុំវិញទម្រង់លេងមិនសូវសមប្រកបក្នុងការបើកឆាកព្រឹត្តិការណ៍ World Cup 2026។
ការចេញមុខមកកាតព្វកិច្ចការពារនេះ ធ្វើឡើងបន្ទាប់ពីព័រទុយហ្កាល់បានត្រឹមលទ្ធផលស្មើ ១-១ យ៉ាងខកចិត្តទល់នឹងក្រុមសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DR Congo) នៅក្នុងទីក្រុង Houston។ នៅក្នុងជំនួបបើកឆាកពូល Group K នោះ កំពូលខ្សែប្រយុទ្ធវ័យ ៤១ ឆ្នាំរូបនេះ ដែលកំពុងបង្ហាញខ្លួនក្នុងពានរង្វាន់ World Cup ជាលើកទី៦ ក្នុងប្រវត្តិសាស្ត្រ បានខកខានឱកាសរកគ្រាប់បាល់ជាច្រើនលើក។ ក្រោយបញ្ចប់ការប្រកួត លោក Alves ដែលជាអតីតខ្សែការពារកណ្តាលរបស់ក្លិប Porto និងធ្លាប់បានឈ្នះពាន Euro 2016 ជាមួយ Ronaldo នោះ បានបង្ហោះសារយ៉ាងក្តៅគគុកលើ Instagram ថា៖ «សូមគោរព! វីរៈបុរសគឺគ្មានថ្ងៃហួសសម័យឡើយ! មនុស្សជាច្រើននិយាយពីបាល់ទាត់ទាំងដែលខ្លួនមិនដែលបានធ្វើអ្វីសោះក្នុងវិស័យនេះ។ Cristiano ពួកយើងជឿជាក់លើបងជានិច្ច ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ»។
ការគាំទ្ររបស់ Alves ធ្វើឡើងចំពេលដែលស្ថានភាពរបស់ Ronaldo ក្នុងក្រុមហាក់មានភាពតានតឹង ដោយសារតែគេបានដើរចេញពីទីលានទាំងអារម្មណ៍មួម៉ៅ និងខកចិត្តម្នាក់ឯង ខណៈមិត្តរួមក្រុមឯទៀតនៅបន្តអរគុណអ្នកគាំទ្រលើកៅអីទស្សនា។ នេះជាការបង្កើតឱ្យមានមន្ទិលកាន់តែខ្លាំងជុំវិញឥទ្ធិពលរបស់គេនៅក្នុងក្រុមលោក Roberto Martinez។ លើសពីនេះ បច្ចុប្បន្ន CR7 កំពុងតែជួបប្រទះនូវការខ្សត់គ្រាប់បាល់ (Goal drought) វែងឆ្ងាយបំផុតក្នុងប្រវត្តិសាស្ត្រលេងពានរង្វាន់ធំឱ្យជាតិ ពោលគឺ ១០ ប្រកួតជាប់ៗគ្នាក្នុងការប្រកួតផ្លូវការ។
ទោះជាយ៉ាងណា លោក Alves នៅតែទទូចសុំឱ្យកីឡាករជំនាន់ក្រោយរបស់ព័រទុយហ្កាល់ទាំងអស់ រួមកម្លាំងគ្នាជួយធ្វើឱ្យ Ronaldo ក្លាយជាម្ចាស់ជើងឯកពិភពលោក ដើម្បីជាកាដូដ៏សមស្របបំផុតសម្រាប់អាជីពដ៏អស្ចារ្យរបស់គេ។ ពេលនេះ ក្រុមព័រទុយហ្កាល់ត្រូវងាកមកផ្តោតអារម្មណ៍លើការប្រកួតទីពីរទល់នឹងក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន (Uzbekistan) ដើម្បីស្វែងរក ៣ ពិន្ទុ និងជម្រុះសម្ពាធដ៏ធ្ងន់ធ្ងរចេញ មុនពេលត្រូវបិទគូទវគ្គចែកពូលទល់នឹងក្រុមខ្លាំងកូឡុំប៊ី (Colombia)។