អ្នកនាង Bruna Biancardi គូស្នេហ៍របស់ Neymar ចេញមុខមកតបតខ្លាំងៗថា នាងមិនមែនជាស្រីទំយើចាំតែចាយលុយប្តីនោះឡើយ
អត្ថបទសរសេរដោយ Danny • 33 views
អ្នកនាង Bruna Biancardi ដែលជាកំពូលអ្នកបង្កើតមាតិកា (Influencer) ដ៏ល្បីល្បាញ និងជាម្តាយនៃកូនទាំងពីររបស់កំពូលតារាបាល់ទាត់ Neymar បានចេញមុខមកវាយបកយ៉ាងចាស់ដៃទៅលើអ្នករិះគន់ទាំងឡាយណាដែលចាត់ទុកនាងថាជា «Trophy Wife» (ភរិយាដែលចាំតែលម្អមុខមាត់ និងរស់លើគំនរទ្រព្យសម្បត្តិប្តី) ដោយនាងបានសង្កត់ធ្ងន់ថា នាងមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុពេញលេញ។
នៅក្នុងកិច្ចសម្ភាសន៍ដ៏បើកចំហរមួយលើកម្មវិធីផតខាស Elas Que Jogam ជាមួយអ្នកនាង Karla Felmanas ស្រីស្អាតដែលមានអ្នកតាមដានជាង ១៥ លាននាក់នៅលើ Instagram រូបនេះ បានទម្លាយថា៖ «មនុស្សភាគច្រើនគិតថាពួកយើងមិនធ្វើការងារអ្វីទាំងអស់ ក្រៅពីដេកផ្ទាល់ធ្វើខ្លួនស្អាតៗ។ ខ្ញុំចង់ប្រាប់ថា ចាំបន្តិចសិន! ព្រោះខ្ញុំមានការងារធ្វើ ខ្ញុំមានក្រុមការងារដែលត្រូវបើកប្រាក់ខែឱ្យ ហើយខ្ញុំរកលុយដោយខ្លួនឯង និងបង់ថ្លៃវិក្កយបត្រផ្សេងៗដោយខ្លួនឯងទាំងអស់»។
ក្រៅពីការងារលើបណ្តាញសង្គម នាងបានបើកដំណើរការកម្មវិធីធ្វើម្ហូបផ្ទាល់ខ្លួនឈ្មោះ «Bru Na Cozinha» លើបណ្តាញ YouTube ដោយមានការចូលរួមពីស្ត្រីមានឥទ្ធិពលជាច្រើនរូប ព្រមទាំងក្តោបក្តាប់បានពាណិជ្ជកម្មធំៗជាច្រើនទៀតផង។
ក្រៅពីរឿងការងារ នាង Bruna ក៏បានទម្លាយរឿងរ៉ាវស្នេហាដ៏ជក់ចិត្តផងដែរ ដោយនាងធ្លាប់អស់ការអត់ធ្មត់ជាមួយទំនាក់ទំនងមិនច្បាស់លាស់កាលពីមុន រហូតដាច់ចិត្តនិយាយពាក្យបែកគ្នាទៅកាន់ Neymar។ ប៉ុន្តែពាក្យដាច់អហង្ការនោះបានក្លាយជាចំណុចរបត់មួយ ធ្វើឱ្យ Neymar រៀបចំការភ្ញាក់ផ្អើលយ៉ាងធំមួយនៅទីក្រុងប៉ារីស ដោយនាំទាំងឪពុកម្តាយ និងបងស្រីរបស់នាងមកជួបជុំគ្នា ដើម្បីសុំនាងធ្វើជាសង្សារជាផ្លូវការ។
បច្ចុប្បន្ន ស្របពេលដែលនាង Bruna កំពុងជោគជ័យលើអាជីវកម្មរបស់ខ្លួន នាងក៏ជាបង្អែកផ្លូវចិត្តយ៉ាងសំខាន់សម្រាប់ Neymar ផងដែរ។ បន្ទាប់ពីខកខានការប្រកួតបើកឆាកព្រឹត្តិការណ៍ World Cup 2026 ជាមួយម៉ារ៉ុក និងហៃទី ដោយសាររបួសកំភួនជើង ពេលនេះខ្សែប្រយុទ្ធឆ្នើមរូបនេះបានជាសះស្បើយពេញលេញ ហើយត្រៀមខ្លួនដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល តទល់នឹងក្រុមស្កុតឡែន (Scotland) ខាងមុខនេះហើយ។