Bayern Munich ចេញមុខធ្វើបច្ចុប្បន្នភាពថ្មី អំពីអនាគតកុងត្រារបស់ Harry Kane ខណៈក្លិបចង់រក្សាទុកប្រធានក្រុមអង់គ្លេសរូបនេះនៅឲ្យបានយូរ
អត្ថបទសរសេរដោយ Dany • 91 views
នាយកកីឡារបស់ Bayern Munich លោក Max Eberl បានផ្តល់ព័ត៌មានថ្មីមួយ ជុំវិញអនាគតរបស់ខ្សែប្រយុទ្ធ Harry Kane ខណៈក្លិបយក្សបាវ៉ារី កំពុងខិតខំរក្សាទុកតារាស៊ុតគ្រាប់បាល់រូបនេះឲ្យបន្តលេងនៅ Allianz Arena។
កុងត្រាបច្ចុប្បន្នរបស់ Harry Kane ជាមួយ Bayern Munich នឹងផុតកំណត់នៅឆ្នាំ 2027 ប៉ុន្តែទម្រង់លេងដ៏អស្ចារ្យ និងការស៊ុតគ្រាប់បាល់ជាបន្តបន្ទាប់ បានធ្វើឲ្យគាត់ទាក់ទាញការចាប់អារម្មណ៍ពីក្លិបធំៗជាច្រើនទូទាំងអឺរ៉ុប។
ទោះជាយ៉ាងណា Max Eberl បានបញ្ជាក់ថា Harry Kane មានភាពបើកចំហ ក្នុងការពិភាក្សាអំពីការបន្តកុងត្រាថ្មីជាមួយ Bayern Munich ហើយការចរចារនេះ ក៏បានចាប់ផ្តើមរួចហើយ។ នាយកកីឡារូបនេះ បានបង្ហាញទំនុកចិត្តថា ក្លិប និងកីឡាករ មានទិសដៅដូចគ្នា ក្នុងការបន្តដំណើររួមគ្នារយៈពេលវែង។
សម្រាប់ Bayern Munich ការរក្សាទុក Harry Kane គឺជាគន្លឹះសំខាន់ ក្នុងការរក្សាភាពខ្លាំងនៅលើឆាកក្នុងស្រុក និងអឺរ៉ុប ព្រោះគាត់មិនត្រឹមតែជាខ្សែប្រយុទ្ធមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកដឹកនាំ និងជាប្រភពទំនុកចិត្តសម្រាប់មិត្តរួមក្រុមផងដែរ។
ជាមួយនឹងការចរចាកំពុងដំណើរការ អ្នកគាំទ្រ Bayern កំពុងរង់ចាំមើលថា តើ Harry Kane នឹងបន្តអនាគតរបស់គាត់ជាមួយក្លិបបាវ៉ារី ឬនឹងមានការប្រែប្រួលណាមួយ នៅពេលខាងមុខ។