ដំណឹងដ៏រន្ធត់សម្រាប់ Barcelona៖ Andreas Christensen រងរបួសដាច់សរសៃពួរជង្គង់ (ACL)
អត្ថបទសរសេរដោយ Bonat • 84 views
ក្លិប Barcelona បានទទួលរងសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីខ្សែការពារកណ្តាល Andreas Christensen បានរងរបួសដាច់សរសៃពួរជង្គង់ឆ្វេង (Partial ACL Tear) ក្នុងអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃសៅរ៍ មុនជំនួបជាមួយ Villarreal។ Christensen បានគ្រេចជង្គង់ឆ្វេងយ៉ាងធ្ងន់ធ្ងរក្នុងពេលហ្វឹកហាត់។ ក្រោយការពិនិត្យ ក្រុមគ្រូពេទ្យបានសម្រេចចិត្តប្រើវិធីព្យាបាលបែបអភិរក្ស (មិនវះកាត់) ប៉ុន្តែតម្រូវឱ្យតាមដានការវិវត្តជាជំហានៗ។ ទោះបីជាមិនវះកាត់ ក៏រូបគេអាចនឹងត្រូវសម្រាកព្យាបាលពី ៣ ទៅ ៤ ខែ ដែលមានន័យថាគេនឹងខកខានការប្រកួតភាគច្រើនក្នុងរដូវកាលនេះ រួមទាំងវគ្គជម្រុះ World Cup ឱ្យជម្រើសជាតិដាណឺម៉ាកផងដែរ។
ក្នុងរដូវកាលនេះ Christensen បង្ហាញខ្លួនបាន ១៧ ប្រកួត (ក្នុងនោះ ១២ ប្រកួតនៅ La Liga) និងកំពុងមានទម្រង់លេងយ៉ាងល្អ។ របួសនេះកើតឡើងចំពេលដែល Barcelona កំពុងខ្វះខាតកម្លាំងការពារ ដោយសារ Ronald Araujo ក៏កំពុងសម្រាកព្យាបាលផ្លូវចិត្ត។ លោក Flick ត្រូវបង្ខំចិត្តរៀបចំយុទ្ធសាស្ត្រថ្មី ដើម្បីរក្សាតំណែងកំពូលតារាង La Liga និងការប្រកួតនៅអឺរ៉ុប។ នេះមិនមែនជាលើកទីមួយទេសម្រាប់ Christensen ក្នុងរដូវកាលនេះ ព្រោះរូបគេទើបតែបានខកខានការប្រកួតសំខាន់ៗជាច្រើន (ដូចជាជួប Real Madrid និង Elche) ដោយសាររបួសកំភួនជើង ហើយទើបតែត្រលប់មកលេងបានទៀងទាត់ក្នុងខែវិច្ឆិកា ក៏រងរបួសជង្គង់នេះបន្ថែមទៀត។
