Aston Villa ត្រៀមប្រជែងជាមួយ Crystal Palace ដើម្បីយក Brennan Johnson ពី Spurs
អត្ថបទសរសេរដោយ Bonat • 95 views
ក្លិប Aston Villa កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពរបស់ខ្សែប្រយុទ្ធ Brennan Johnson (វ័យ ២៤ ឆ្នាំ) របស់ក្រុម Tottenham Hotspur ហើយអាចនឹងដាក់សំណើដណ្តើមយកកីឡាកររូបនេះក្នុងខែមករា ឬនាឆ្នាំ ២០២៦ ខាងមុខ។ ទោះបីជា Johnson ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេឱ្យ Spurs កាលពីរដូវកាលមុន (១៨ គ្រាប់) ក៏ដោយ ប៉ុន្តែរដូវកាលនេះគេហាក់ធ្លាក់ទម្រង់លេង និងមិនសូវទទួលបានឱកាសលេងជាជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Thomas Frank ឡើយ។ កត្តានេះអាចធ្វើឱ្យ Spurs សម្រេចចិត្តលក់គេចេញ ខណៈកិច្ចសន្យានៅសល់ត្រឹម ២ ឆ្នាំទៀត។ លោក Unai Emery មានទំនោរក្នុងការនាំយកកីឡាករដែលមានសមត្ថភាពស្រាប់ ប៉ុន្តែត្រូវការបរិយាកាសថ្មីដើម្បីស្តារទម្រង់លេង (ដូចករណី Sancho ជាដើម)។ Villa យល់ថា Johnson គឺជាជម្រើសដ៏ស័ក្តិសម និងអាចមានតម្លៃខ្លួនសមរម្យ ឬអាចខ្ចីជើងបាន។
ការចង់បាន Johnson អាចនឹងកើតឡើងកាន់តែលឿន ប្រសិនបើ Villa អាចបញ្ជូន Harvey Elliott ត្រលប់ទៅ Liverpool វិញក្នុងខែមករានេះ។ លោក Emery ហាក់មិនពេញចិត្តនឹងទម្រង់លេងរបស់ Elliott ហើយក្លិបក៏ចង់បញ្ចៀសការចំណាយ £៣៥ លានផោនដើម្បីទិញដាច់តាមកិច្ចសន្យាដែលបានព្រមព្រៀងពីមុន។ ក្រៅពី Villa ក៏មានក្លិប Crystal Palace ផងដែរដែលកំពុងចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធសញ្ជាតិវែលរូបនេះ។
