Arsenal ចាប់អារម្មណ៍ខ្សែការពារវ័យក្មេង Victor Valdepenas របស់ Real Madrid
អត្ថបទសរសេរដោយ Bonat • 89 views
ក្លិប Arsenal កំពុងដាក់គោលដៅលើកីឡាករវ័យ ១៩ ឆ្នាំ Victor Valdepenas របស់ Real Madrid សម្រាប់ការផ្ទេរនាឆ្នាំ ២០២៦ ខណៈគ្រូបង្វឹកលោក Mikel Arteta និងនាយកកីឡាលោក Andrea Berta យល់ថាគេជាកីឡាករដែលស័ក្តិសមបំផុតសម្រាប់ប្រព័ន្ធការពារ។ Valdepenas ទើបតែបានបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុមធំរបស់ Real Madrid ក្នុងជ័យជម្នះលើក្រុម Alaves។ ទោះបីជាជំនាញពិតប្រាកដរបស់គេគឺជាខ្សែការពារកណ្តាល ប៉ុន្តែរូបគេបានលេងយ៉ាងល្អក្នុងតំណែងខ្សែការពារស្លាបឆ្វេងជំនួសកីឡាករដែលជាប់ពិន័យ ដែលធ្វើឱ្យគ្រូបង្វឹកលោក Xabi Alonso សរសើរមិនដាច់ពីមាត់។ Arsenal មិនមែនជាក្លិបតែមួយដែលចង់បានគេនោះទេ ក្លិបធំៗនៅ Bundesliga ដូចជា Borussia Dortmund និង Bayer Leverkusen ក៏កំពុងតាមដានយ៉ាងដិតដល់នូវសមាជិកក្រុមជម្រើសជាតិអេស្ប៉ាញអាយុក្រោម ១៩ ឆ្នាំរូបនេះដែរ។
លោក Arteta ចូលចិត្តខ្សែការពារដែលមានសមត្ថភាពលេងបានច្រើនតំណែង (ដូចជា Ben White, Calafiori និង Jurrien Timber) ដែល Valdepenas គឺជាប្រភេទកីឡាករបែបនោះ ពោលគឺអាចលេងបានទាំងកណ្តាល និងស្លាប។ កីឡាកររូបនេះមានកុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ ២០២៩។ ទោះបីជា Madrid មានប្រៀបក្នុងកិច្ចចរចា ប៉ុន្តែ Arsenal សង្ឃឹមថានឹងអាចបញ្ចុះបញ្ចូលរូបគេតាមរយៈការផ្តល់ ឱកាសលេងក្នុងក្រុមធំឱ្យបានច្រើន ដែលជាអ្វីដែល Madrid ពិបាកនឹងផ្តល់ជូនក្នុងពេលបច្ចុប្បន្ន។
