Andre Onana មានក្ដីសុខខ្លាំងនៅ Trabzonspor ក្រោយចាកចេញពី Manchester United
អត្ថបទសរសេរដោយ Bonat • 88 views
អតីតអ្នកចាំទីដៃទី១ របស់ Manchester United កីឡាករ Andre Onana បានលើកឡើងថា ជីវិតរបស់លោកនៅក្នុងប្រទេសតួកគីគឺ "ល្អឥតខ្ចោះ" ដែលនេះជាការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីឆ្លងកាត់រដូវកាលដ៏លំបាក និងរងការរិះគន់យ៉ាងខ្លាំងនៅទឹកដី Old Trafford។ ក្នុងវីដេអូ "ជីវិតប្រចាំថ្ងៃរបស់ Onana" អ្នកចាំទីវ័យ ២៨ ឆ្នាំរូបនេះបាននិយាយថា៖ "ខ្ញុំរស់នៅក្នុងអំឡុងពេលដ៏ល្អបំផុតនៃជីវិតរបស់ខ្ញុំ"។ លោកទទួលបានការស្រឡាញ់ចូលចិត្តយ៉ាងខ្លាំងពីអ្នកគាំទ្រ Trabzonspor ដែលតែងតែឃាត់រថយន្តលោកដើម្បីសុំថតរូប។ ការផ្ទេរទៅកាន់លីគតួកគីបានជួយឱ្យ Onana ជៀសផុតពីការតាមដាន និងការរិះគន់ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដែលអនុញ្ញាតឱ្យលោកផ្ដោតលើការលេងបាល់ទាត់ដោយសន្តិភាពផ្លូវចិត្ត។ ក្រៅពីភាពរីករាយ លោកក៏ទទួលបានប្រាក់លើកទឹកចិត្តបន្ថែម (Bonus) តាមរយៈការបង្ហាញខ្លួន ដែលអាចធ្វើឱ្យចំណូលរបស់លោកកើនឡើងទ្វេដងបើធៀបនឹងនៅ United។
ទោះបីជាទើបតែមកដល់មិនទាន់បាន ៦ ខែ ប៉ុន្តែ Onana បានក្លាយជាកីឡាករដែលមានឥទ្ធិពល និងជាអ្នកដឹកនាំដ៏សំខាន់សម្រាប់មិត្តរួមក្រុម។ ក្លិបចង់រក្សា Onana ឱ្យនៅបន្តលើសពីកិច្ចសន្យាខ្ចីជើង ព្រោះពួកគេពេញចិត្តនឹងសមត្ថភាព និងអត្តចរិតរបស់លោក។ កិច្ចសន្យាខ្ចីជើងរបស់ Onana មិនមានលក្ខខណ្ឌបង្ខំទិញ ឬជម្រើសទិញដាច់ (No option/obligation to buy) ដូចករណី Hojlund ឬ Rashford ឡើយ។ ប្រសិនបើ Trabzonspor ចង់បានលោកជាអចិន្ត្រៃយ៍ ពួកគេត្រូវចាប់ផ្តើមចរចាជាមួយ United ពីដំបូង។ នេះជាបញ្ហាប្រឈមសម្រាប់ Trabzonspor ព្រោះតម្លៃខ្លួនរបស់ Onana អាចនឹងខ្ពស់ហួសពីលទ្ធភាពហិរញ្ញវត្ថុរបស់ក្លិប (កំណត់ត្រាទិញកីឡាករថ្លៃបំផុតរបស់ពួកគេគឺក្រោម ៧ លានអឺរ៉ូ)។ Man Utd បានទិញ Onana ក្នុងតម្លៃប្រហែល ៤៧ លានផោន កាលពីឆ្នាំ ២០២៣ ប៉ុន្តែបច្ចុប្បន្នពួកគេប្រហែលជាមិនអាចលក់ចេញវិញក្នុងតម្លៃដើមឡើយ។ Trabzonspor បានផ្ដល់ឱកាសឱ្យ Andre Onana រកឃើញទំនុកចិត្តលើខ្លួនឯងឡើងវិញ និងមានសេរីភាពក្នុងការលេងបាល់ទាត់ ប៉ុន្តែអនាគតរយៈពេលវែងរបស់លោកនៅតែជាសញ្ញាសួរ ដោយសារបញ្ហាតម្លៃខ្លួនរវាងក្លិបទាំងពីរ។
