Alexander Isak របួសភ្លាមៗក្រោយស៊ុតបញ្ចូលទីក្នុងជំនួបជាមួយ Tottenham
អត្ថបទសរសេរដោយ Bonat • 89 views
ខ្សែប្រយុទ្ធ Alexander Isak បានជួបគ្រោះថ្នាក់របួសកជើងយ៉ាងធ្ងន់ធ្ងរ និងត្រូវបង្ខំចិត្តប្តូរចេញ ភ្លាមៗបន្ទាប់ពីបានស៊ុតបញ្ចូលទីគ្រាប់នាំមុខឱ្យ Liverpool ក្នុងការប្រកួតទល់នឹង Tottenham កាលពីយប់មិញ។ Isak ត្រូវបានដាក់ឱ្យចូលលេងនៅដើមវគ្គទី ២ ហើយបានស៊ុតបញ្ចូលទីនៅនាទី ៥៦។ ប៉ុន្តែក្នុងពេលស៊ុតនោះ ខ្សែការពារ Micky van de Ven បានព្យាយាមរារាំងដែលធ្វើឱ្យ Isak ដួលរមួលខ្លួនដោយការឈឺចាប់ និងត្រូវគ្រូពេទ្យគ្រាហ៍ចេញពីទីលានភ្លាមៗ។ កីឡាករ Jeremie Frimpong ត្រូវបានដាក់ឱ្យចូលលេងជំនួសវិញ។ Isak ផ្ទេរពី Newcastle មក Liverpool កាលពីរដូវក្តៅមុនក្នុងតម្លៃកំណត់ត្រា £១២៥ លានផោន ($១៦៧ លានដុល្លារ)។
រូបគេហាក់កំពុងជួបការលំបាកក្នុងការសម្របខ្លួន ដោយគ្រាប់បាល់ទល់នឹង Spurs នេះ គឺជាគ្រាប់ទី ២ ប៉ុណ្ណោះក្នុង Premier League សម្រាប់រូបគេ ចាប់តាំងពីផ្ទេរមក Anfield។ Isak បានទទួលស្គាល់ថា អាជីពបាល់ទាត់តែងតែមានដំណាក់កាលឡើងចុះបែបនេះ ហើយគេត្រូវតែតស៊ូជម្នះវា។ ទោះបីជាបាត់បង់ Isak ប៉ុន្តែ Liverpool នៅតែអាចយកឈ្នះ Tottenham (ដែលសល់សមាជិក ១០ នាក់) និងបានហក់ឡើងមកឈរ លេខ ៥ ក្នុងតារាង Premier League។ ក្រោមកិច្ចដឹកនាំរបស់លោក Arne Slot ក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ មិនទាន់ស្គាល់ពាក្យថាចាញ់ឡើយក្នុង ៦ ប្រកួតចុងក្រោយ និងបានឈ្នះ ៣ ប្រកួតជាប់ៗគ្នា។ Liverpool នឹងត្រូវបើកទ្វារកីឡដ្ឋាន Anfield ទទួលស្វាគមន៍ក្រុម Wolves នៅថ្ងៃទី ២៧ ខែធ្នូ សម្រាប់ការប្រកួតចុងក្រោយប្រចាំឆ្នាំ ២០២៥។
