វីរៈបុរស Aguero ណែនាំឱ្យ Atletico Madrid ព្រមលក់ Julian Alvarez ទៅឱ្យក្រុមអ្នកមានបុណ្យតាមបំណងប្រាថ្នា
អត្ថបទសរសេរដោយ Danny • 40 views
វីរៈបុរសបាល់ទាត់អាហ្សង់ទីន លោក Sergio Aguero បានចេញមុខមកគាំទ្រយ៉ាងពេញទំហឹងចំពោះព័ត៌មានដែលថា ខ្សែប្រយុទ្ធ Julian Alvarez ចង់ចាកចេញពី Atletico Madrid ដើម្បីទៅរួមរស់ជាមួយ Barcelona ដោយលោកយល់ឃើញថា ស្ទីលលេងរបស់ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះ គឺសាកសមបំផុតជាមួយទម្រង់លេងរបស់ក្រុមលោក Hansi Flick។
នៅក្នុងកម្មវិធីផ្សាយផ្ទាល់ Jijantes លោក Aguero បានលើកឡើងថា៖ «Julian អាចត្រូវជាមួយក្លិបជាច្រើន ប៉ុន្តែគាត់នឹងត្រូវគ្នាយ៉ាងល្អឥតខ្ចោះនៅ Barça ព្រោះគាត់ជាកីឡាករកម្រិតកំពូល ដែលអាចលេងបានគ្រប់តំណែងក្នុងតំបន់ប្រយុទ្ធ មិនថាជាខ្សែប្រយុទ្ធកណ្តាល ខ្សែប្រយុទ្ធស្លាប ឬខ្សែបម្រើប្រយុទ្ធនោះទេ»។
ព័ត៌មាននៃការចង់ផ្ទេរចេញនេះ បានក្លាយជាប្រធានបទក្តៅគគុកបន្ទាប់ពី Alvarez បានចេញមុខនិយាយចំៗជាសាធារណៈអំឡុងពេលប្រកួត World Cup 2026 នេះថា លោកបានជួបពិភាក្សាជាមួយក្លិបហើយ ហើយការផ្ទេរចេញគឺជាជម្រើសដ៏ល្អបំផុតសម្រាប់គ្រប់ភាគី។ ទោះជាយ៉ាងណា វាមិនមែនជារឿងងាយស្រួលឡើយ ព្រោះខាងភាគី Atletico Madrid បានទាមទារតម្លៃខ្លួនតាមខសន្យាដោះលែង (Release Clause) ខ្ពស់កប់ពពករហូតដល់ទៅ ៥០០ លានអឺរ៉ូ។
ទាក់ទងនឹងបញ្ហានេះ លោក Aguero បានផ្តល់ដំបូន្មានទៅកាន់ក្លិបចាស់របស់លោកថា៖ «បើខ្ញុំជាក្លិប ហើយឃើញកីឡាករម្នាក់មិនមានសេចក្តីសុខ មិនថាដោយសាររឿងទីក្រុង មិត្តរួមក្រុម ឬគ្រូបង្វឹកនោះទេ អ្វីដែលល្អបំផុតគឺត្រូវរកដំណោះស្រាយហើយលក់គាត់ចេញ។ យើងមិនអាចទុកកីឡាករម្នាក់ឱ្យនៅធ្វើមុខស្រពោន និងនាំអារម្មណ៍មិនល្អដល់ក្រុមពេញមួយឆ្នាំនោះឡើយ»។