ច្បាស់ការហើយ! ពេជ្រ សម្បត្តិ ត្រៀមអង្រួនសង្វៀនអន្តរជាតិ ចាប់ផ្តើមពីប្រទេសបារាំង
អត្ថបទសរសេរដោយ SK • 131 views
កីឡាករប្រដាល់គុនខ្មែរ ពេជ្រ សម្បត្តិ ដែលត្រូវបានអ្នកគាំទ្រស្គាល់ក្នុងឈ្មោះ «ក្របីព្រៃ» បានបញ្ជាក់ជាផ្លូវការហើយថា នឹងធ្វើដំណើរទៅអង្រួនសង្វៀនអន្តរជាតិ ជាលើកដំបូងក្នុងដំណើរទស្សនកិច្ចប្រកួតក្រៅប្រទេស ដោយចាប់ផ្តើមពី ប្រទេសបារាំង នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។
ការប្រកួតនៅប្រទេសបារាំង នឹងក្លាយជាជំហានសំខាន់មួយ ក្នុងការបង្ហាញសមត្ថភាព និងស្តង់ដារប្រដាល់គុនខ្មែរ លើឆាកអន្តរជាតិ មុនពេល ពេជ្រ សម្បត្តិ បន្តធ្វើដំណើរទៅប្រកួតនៅ សហរដ្ឋអាមេរិក និង ប្រទេសកូរ៉េខាងត្បូង នៅពេលបន្ទាប់។
ការទទួលបានឱកាសប្រកួតជាបន្តបន្ទាប់នៅលើឆាកពិភពលោកនេះ បង្ហាញពីសមត្ថភាព ការខិតខំប្រឹងប្រែង និងភាពជឿជាក់ដែលកីឡាកររូបនេះ បានស្ថាបនាឡើងក្នុងអាជីពរបស់ខ្លួន។ ជាមួយនឹងស្ទីលប្រយុទ្ធរឹងមាំ និងកម្លាំងវាយប្រហារដ៏គ្រោះថ្នាក់ ពេជ្រ សម្បត្តិ ត្រូវបានរំពឹងថា នឹងអាចបង្កើតភាពចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការប្រកួតក្រៅប្រទេសលើកនេះ។
អ្នកគាំទ្រគុនខ្មែរ កំពុងរង់ចាំ និងផ្ញើការលើកទឹកចិត្ត ដល់ ពេជ្រ សម្បត្តិ ក្នុងការនាំយកកិត្តិយស និងមោទនភាពជាតិខ្មែរ ទៅបង្ហាញលើសង្វៀនអន្តរជាតិ។