ក្រោយពីលោក ម៉ុល នី ប្រធានផ្គូរផ្គងកីឡានៅ ទទក បានលើកឡើងសំណើឱ្យពិចារណាឡើងវិញចំពោះការកំណត់ឱ្យកីឡាករពាក់ប្រដាប់ការពារនៅក្នុងការប្រកួត សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញសេចក្តីបំភ្លឺជាផ្លូវការ
By SK • 6 views
សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសូមអរគុណចំពោះមតិយោបល់ និងការយកចិត្តទុកដាក់ពីសាធារណជនទាំងអស់ ដែលបានបង្ហាញក្តីស្រឡាញ់ និងការព្រួយបារម្ភចំពោះអនាគតគុនខ្មែរ ជាពិសេសការអភិវឌ្ឍយុវជន យុវនារីថ្នាល។
សហព័ន្ធបញ្ជាក់ថា ការកំណត់ឱ្យកីឡាករក្រោមអាយុ ១៦ ឆ្នាំ ពាក់ឧបករណ៍ការពារក្បាល និងកែង មិនមែនជាការបំផ្លាញអត្តសញ្ញាណគុនខ្មែរ នោះទេ ប៉ុន្តែជាវិធានការសុវត្ថិភាព ស្របតាមស្តង់ដារអន្តរជាតិ និងគោលការណ៍អភិវឌ្ឍកីឡារយៈពេលវែង (LTAD) ដែលអនុវត្តទូលំទូលាយនៅក្នុងកីឡាប្រយុទ្ធទូទាំងពិភពលោក។
វិធានការនេះ មានគោលបំណងការពារសុខភាពកីឡាករវ័យក្មេង កាត់បន្ថយហានិភ័យនៃរបួសធ្ងន់ធ្ងរ និងអនុញ្ញាតឱ្យពួកគេអភិវឌ្ឍបច្ចេកទេស វិន័យ និងស្មារតីកីឡា ដោយមានសុវត្ថិភាព។
សហព័ន្ធបន្តថែរក្សាមូលដ្ឋានគ្រឹះ វប្បធម៌ និងស្មារតីគុនខ្មែរ ដោយបែងចែកការប្រកួតតាមកម្រិតអាយុ និងសមត្ថភាព ហើយនៅពេលកីឡាករឈានដល់វ័យសមស្រប នឹងអនុវត្តការប្រកួតតាមបែបអាជីពដូចប្រពៃណីដើម។
សហព័ន្ធសូមអញ្ជើញសាធារណជនទាំងអស់ ចូលរួមផ្តល់យោបល់ដោយស្ថាបនា ដើម្បីរួមគ្នាអភិវឌ្ឍគុនខ្មែរ ឱ្យរីកចម្រើនដោយសុវត្ថិភាព មានចីរភាព និងរក្សាកិត្យានុភាពលើឆាកជាតិ និងអន្តរជាតិ ។