សហរដ្ឋអាមេរិក ផ្តល់អាជ្ញាប័ណ្ណប្រចាំឆ្នាំឱ្យ TSMC នាំចូលឧបករណ៍ផលិតបន្ទះឈីបចូលប្រទេសចិន
By Sok Tak • 78 views
1សហរដ្ឋអាមេរិក ផ្តល់អាជ្ញាប័ណ្ណប្រចាំឆ្នាំឱ្យ TSMC នាំចូលឧបករណ៍ផលិតបន្ទះឈីចូលប្រទេសចិន
សេអ៊ូល – រដ្ឋាភិបាល សហរដ្ឋអាមេរិក បានផ្តល់អាជ្ញាប័ណ្ណនាំចេញប្រចាំឆ្នាំឱ្យក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេរបស់តៃវ៉ាន់ TSMC – Taiwan Semiconductor Manufacturing Company (2330.TW) ដើម្បីអនុញ្ញាតឱ្យនាំចូលឧបករណ៍ផលិតបន្ទះឈីបរបស់ សហរដ្ឋអាមេរិក ទៅកាន់រោងចក្ររបស់ខ្លួននៅទីក្រុងណានជីង ប្រទេសចិន។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍។
TSMC បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់ Reuters (ទីភ្នាក់ងារព័ត៌មានអន្តរជាតិ) ថា អាជ្ញាប័ណ្ណនេះ «ធានាឱ្យមានប្រតិបត្តិការរោងចក្រ (fab) ដោយគ្មានការរំខាន និងធានាការផ្គត់ផ្គង់ផលិតផលបានជាបន្តបន្ទាប់»។

កន្លងមក ក្រុមហ៊ុនផលិតបន្ទះឈីបនៅអាស៊ី រួមទាំង TSMC បានទទួលអត្ថប្រយោជន៍ពីការលើកលែងពិសេស ពីការរឹតបន្តឹងការនាំចេញបន្ទះឈីបរបស់ទីក្រុងវ៉ាស៊ីនតោន ទៅកាន់ប្រទេសចិន។ វិធានការនេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ សហរដ្ឋអាមេរិក ក្នុងការរក្សាការនាំមុខផ្នែកបច្ចេកវិទ្យាលើប្រទេសចិន។
ទោះជាយ៉ាងណា ស្ថានភាពលើកលែងនេះ ដែលត្រូវបានគេហៅថា Validated End-User Status (ស្ថានភាពអ្នកប្រើប្រាស់ចុងក្រោយដែលមានសុពលភាព) បានផុតកំណត់នៅថ្ងៃទី 31 ខែធ្នូ។ ដូច្នេះ TSMC ត្រូវស្នើសុំអាជ្ញាប័ណ្ណនាំចេញថ្មីពី សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ 2026 ជំនួសវិញ។
ក្នុងសេចក្តីថ្លែងការណ៍ TSMC បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក – U.S. Department of Commerce បានផ្តល់អាជ្ញាប័ណ្ណនាំចេញប្រចាំឆ្នាំឱ្យ TSMC Nanjing ដែលអនុញ្ញាតឱ្យឧបករណ៍ និងទំនិញដែលស្ថិតក្រោមការគ្រប់គ្រងការនាំចេញរបស់អាមេរិក អាចផ្គត់ផ្គង់ទៅរោងចក្រនានជីង ដោយមិនចាំបាច់ស្នើអាជ្ញាប័ណ្ណពីអ្នកលក់ម្នាក់មួយ។
រោងចក្រនានជីងរបស់ TSMC ផលិតបន្ទះឈីបកម្រិត 16 ណាណូម៉ែត្រ និងបន្ទះឈីបបច្ចេកវិទ្យាចាស់ទុំផ្សេងៗ ដែលមិនមែនជាបច្ចេកវិទ្យាទំនើបបំផុតរបស់ក្រុមហ៊ុននោះទេ។ ក្រៅពីនេះ TSMC ក៏មានរោងចក្រផលិតបន្ទះឈីបមួយទៀតនៅទីក្រុងសៀងហៃផងដែរ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ 2024 របស់ TSMC រោងចក្រនានជីងបានចូលរួមបង្កើតប្រាក់ចំណូលប្រហែល 2.4% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន។