ក្រុមហ៊ុនវិនិយោគទុន Insight Partners បានវាយប្រហារដោយមេរោគ Ransomware
អត្ថបទសរសេរដោយ Sameth • 207 views
ក្រុមហ៊ុនវិនិយោគទុន Insight Partners បានឱ្យដឹងថា ទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្កលិក និងដៃគូវិនិយោគិនមានកំណត់រាប់ពាន់នាក់ត្រូវបានលួចក្នុងការវាយប្រហារដោយមេរោគជំរិតទារប្រាក់
ក្រុមហ៊ុនវិនិយោគទុន Insight Partners បានជូនដំណឹងដល់មនុស្សរាប់ពាន់នាក់ រួមទាំងដៃគូវិនិយោគិនមានកំណត់របស់ក្រុមហ៊ុនផងដែរថា ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានលួចដោយក្រុមហេកឃ័រក្នុងការលេចធ្លាយទិន្នន័យកាលពីពេលកន្លងទៅ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៤ ខែកញ្ញា ក្រុមហ៊ុនវិនិយោគទុនយក្សមួយនេះបាននិយាយថា ខ្លួនបានបញ្ចប់ការត្រួតពិនិត្យរបស់ខ្លួនកាលពីដើមខែសីហា បន្ទាប់ពីការលេចធ្លាយទិន្នន័យ ដែលខ្លួនបានពិពណ៌នាថាជា "ការវាយប្រហារដោយវិស្វកម្មសង្គម (social engineering attack)" ដោយគ្មានការពន្យល់បន្ថែម។
ឥឡូវនេះ ក្រុមហ៊ុនវិនិយោគទុននេះបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងជាផ្លូវការអំពីការលេចធ្លាយទិន្នន័យដែលបានដាក់ជូនអគ្គមេធាវីរដ្ឋកាលីហ្វ័រញ៉ាក្នុងសប្តាហ៍នេះថា ក្រុមហេកឃ័របានចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុននៅពាក់កណ្តាលខែតុលា ឆ្នាំ ២០២៤។ ក្រុមហ៊ុនបានបន្តថា ក្រុមហេកឃ័របានលួចទាញយកទិន្នន័យពីម៉ាស៊ីនមេ (servers) របស់ Insight ហើយបានចាប់ផ្តើមអ៊ិនគ្រីប (encrypt) ប្រព័ន្ធនានានៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ ដែលជាសញ្ញាសម្គាល់នៃការវាយប្រហារដោយមេរោគជំរិតទារប្រាក់។
ក្នុងសេចក្តីជូនដំណឹងផ្លូវការដាច់ដោយឡែកមួយទៅកាន់អគ្គមេធាវីរដ្ឋ Maine ក្នុងសប្តាហ៍នេះ Insight ក៏បានឱ្យដឹងផងដែរថា ការវាយប្រហារដោយមេរោគជំរិតទារប្រាក់នេះបានប៉ះពាល់ដល់មនុស្សជាង ១២.៦០០ នាក់។
គ្មានលិខិតជូនដំណឹងអំពីការលេចធ្លាយទិន្នន័យណាមួយបានបង្ហាញឱ្យដឹងពីប្រភេទទិន្នន័យផ្ទាល់ខ្លួនជាក់លាក់ដែលត្រូវបានគេយកចេញពីប្រព័ន្ធរបស់ Insight នោះទេ។
ប៉ុន្តែយោងតាមសេចក្តីថ្លែងការណ៍ពីមុនរបស់ក្រុមហ៊ុន ទិន្នន័យដែលត្រូវបានលួចរួមមានព័ត៌មានអំពីមូលនិធិ ក្រុមហ៊ុនគ្រប់គ្រង និងក្រុមហ៊ុនក្នុងផលប័ត្រមួយចំនួនរបស់ Insight Partners។ ក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហេកឃ័រក៏បានយកព័ត៌មានធនាគារ និងពន្ធដារផងដែរ ព្រមទាំងព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិក និងដៃគូវិនិយោគិនមានកំណត់របស់ខ្លួន — ដែលជាទូទៅជាអ្នកវិនិយោគឯកជន និងមិនបញ្ចេញឈ្មោះ ដែលជួយផ្តល់ដើមទុនដល់មូលនិធិវិនិយោគរបស់ Insight។
Insight Partners មិនបានបញ្ជាក់ព័ត៌មានលម្អិតផ្សេងទៀតអំពីការលេចធ្លាយទិន្នន័យនេះទេ ដូចជាតើក្រុមហ៊ុនបានទទួលការទាមទារប្រាក់ជំរិតពីក្រុមហេកឃ័រ ឬតើខ្លួនបានបង់ប្រាក់ឱ្យក្រុមហេកឃ័រឬយ៉ាងណា។ (ជារឿងធម្មតាទេដែលក្រុមហ៊ុននានាប្រឈមនឹងការទាមទារឱ្យបង់ប្រាក់ជាថ្នូរនឹងការដែលក្រុមហេកឃ័រលុបចោល ឬមិនផ្សព្វផ្សាយទិន្នន័យដែលបានលួច)។
អ្នកស្រី Kristen Zeck ដែលជាអ្នកនាំពាក្យរបស់ Insight Partners មិនបានឆ្លើយតបទៅនឹងអ៊ីមែលដែលមានសំណួរអំពីការលេចធ្លាយនេះទេ មុនពេលអត្ថបទនេះត្រូវបានចេញផ្សាយ។
ក្រុមហ៊ុននេះមានទ្រព្យសកម្មក្រោមការគ្រប់គ្រងជាង ៩០ ពាន់លានដុល្លារ ហើយបានវិនិយោគលើក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតធំៗមួយចំនួននាពេលបច្ចុប្បន្ននេះ រួមមាន Databricks និង Wiz។
Insight Partners បានចូលរួមជាមួយក្រុមហ៊ុនវិនិយោគទុនមួយចំនួនទៀតក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលត្រូវបានគេលួចចូលប្រព័ន្ធ។
ក្រុមហ៊ុនវិនិយោគទុន Advanced Technology Ventures នៅ Silicon Valley ត្រូវបានវាយប្រហារដោយមេរោគជំរិតទារប្រាក់ក្នុងឆ្នាំ ២០២១ ដែលជាឆ្នាំដូចគ្នាដែល Sequoia Partners បានជួបប្រទះការលេចធ្លាយទិន្នន័យ។ ឧប្បត្តិហេតុទាំងពីរនេះបានអនុញ្ញាតឱ្យក្រុមហេកឃ័រលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់ដៃគូវិនិយោគិនមានកំណត់របស់ក្រុមហ៊ុនទាំងនោះ។
បានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ១៧ ខែកញ្ញា ជាមួយនឹងព័ត៌មានលម្អិតបន្ថែមអំពីការវាយប្រហារដោយមេរោគជំរិតទារប្រាក់។