ក្រុមហ៊ុន Apple បើកដំណើរការ AirPods ដែលអាចជួយបកប្រែភាសាបានភ្លាមៗ
By • 261 views
ក្រុមហ៊ុន Apple បានបង្ហាញលក្ខណៈពិសេស និងផលិតផលថ្មីៗជាច្រើន រួមទាំង AirPods ដែលអាចផ្តល់ការបកប្រែភាសាបានភ្លាមៗ។
AirPods Pro 3 ដែលត្រូវបានគេហៅថាជា “បទពិសោធន៍សំឡេងចុងក្រោយ” ត្រូវបានដាក់លក់កាលពីថ្ងៃអង្គារ ជាមួយនឹងទូរស័ព្ទ iPhone 17 ស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ និងនាឡិកាឌីជីថលដែលបានអាប់ដេតថ្មីៗ។
យោងតាមក្រុមហ៊ុន Apple ការបកប្រែផ្ទាល់នៅលើ AirPods មានជាភាសាអង់គ្លេស បារាំង អាល្លឺម៉ង់ ព័រទុយហ្គាល់ និងអេស្ប៉ាញ ចំណែកភាសាអ៊ីតាលី ជប៉ុន កូរ៉េ និងភាសាចិនសាមញ្ញ នឹងអាចប្រើប្រាស់បាននៅចុងឆ្នាំនេះ។
គោលបំណងគឺដើម្បីធ្វើឱ្យការបកប្រែទល់មុខគ្នាមានភាពងាយស្រួលតាមរយៈសមត្ថភាព “មិនចាំបាច់ប្រើដៃ” នេះ ដែលត្រូវបានបំពាក់ដោយប្រព័ន្ធសំឡេង computational និង Apple Intelligence ដើម្បីជួយមនុស្សភ្ជាប់ទំនាក់ទំនងគ្នាបានយ៉ាងងាយស្រួល។ ឧបករណ៍នេះមានតម្លៃចាប់ផ្តើម ២៩៦ដុល្លា។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបាននិយាយថា វាអាចដំណើរការបាននៅពេលដែលអ្នកប្រើប្រាស់និយាយដោយធម្មតាជាមួយ AirPods ។
លោក John Ternus អនុប្រធានជាន់ខ្ពស់ផ្នែកវិស្វកម្មផ្នែករឹងរបស់ក្រុមហ៊ុន Apple បានអះអាងថា វាបាននាំ “សំឡេងផ្ទាល់ខ្លួនទៅកម្រិតបន្ទាប់” ខណៈដែលលក្ខណៈពិសេសរបស់វាក៏រួមបញ្ចូលទាំងការចាប់សញ្ញាបេះដូងអំឡុងពេលហាត់ប្រាណ អាយុកាលថ្មបានយូរជាងមុន ស្ថិរភាព និងភាពសមល្អប្រសើរជាងមុន ព្រមទាំងការបំបាត់សំឡេងរំខានទៀតផង។
ក្រុមហ៊ុន Apple ក៏បានសន្យាថានឹងស្វែងរកមនុស្សមួយលាននាក់ដែលមានជំងឺលើសឈាមដែលមិនទាន់ត្រូវបានធ្វើរោគវិនិច្ឆ័យ ក្នុងរយៈពេលតែមួយឆ្នាំជាមួយនឹងនាឡិកាថ្មីរបស់ខ្លួន។
Apple Watch Series 11 មានការជូនដំណឹងដែលដាស់តឿនអ្នកប្រើប្រាស់ ប្រសិនបើពួកគេត្រូវបានគេសង្ស័យថាមានជំងឺលើសឈាមរ៉ាំរ៉ៃ។
ក្រុមហ៊ុន Apple បាននិយាយថា ខ្លួនកំពុងដាក់ពាក្យសុំការអនុម័តពីនិយ័តករសម្រាប់បច្ចេកវិទ្យាថ្មីនេះ។
លោក Sumbul Desai អនុប្រធានផ្នែកសុខភាពរបស់ក្រុមហ៊ុន Apple បាននិយាយថា ឧបករណ៍នេះប្រើប្រាស់ទិន្នន័យពីឧបករណ៍ចាប់សញ្ញាបេះដូងរបស់នាឡិកា ហើយ Algorithm របស់វា “មើលរកជំងឺលើសឈាមរ៉ាំរ៉ៃដោយការវិភាគពីរបៀបដែលសរសៃឈាមរបស់អ្នកឆ្លើយតបទៅនឹងចង្វាក់បេះដូង”។