រដ្ឋប្រកាសបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ
អត្ថបទសរសេរដោយ Sok Tak • 81 views
រដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មី ជាផ្លូវការ ក្នុងពិធីសម្ពោធដែលដឹកនាំដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការបង្កើតវិទ្យាស្ថាននេះ មានគោលបំណងសំខាន់ក្នុងការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ បង្កើនសមត្ថភាពបច្ចេកទេស និងជំរុញនវានុវត្តន៍ឧស្សាហកម្ម ដោយផ្តោតលើមធ្យោបាយដឹកជញ្ជូនដែលបញ្ចេញកាបូនទាប និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព។
វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មី ត្រូវបានមើលឃើញថា ជាគ្រឹះស្ថានសំខាន់មួយ សម្រាប់ជំរុញការស្រាវជ្រាវ ការបណ្តុះបណ្តាលបច្ចេកទេស និងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ក្នុងវិស័យយានយន្តអគ្គិសនី និងបច្ចេកវិទ្យាថាមពលស្អាត ដែលកំពុងក្លាយជាទិសដៅអភិវឌ្ឍសេដ្ឋកិច្ចសំខាន់របស់កម្ពុជា។
គម្រោងនេះ ត្រូវបានអភិវឌ្ឍឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យបច្ចេកវិទ្យាឆុងឈីង, ក្រុមហ៊ុន GTV Motor និង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្សលើជំនាញវិស្វកម្មយានយន្តអគ្គិសនី និងបច្ចេកវិទ្យាឧស្សាហកម្មថាមពលថ្មី ដែលអាចបង្កើតតម្លៃបន្ថែម និងគាំទ្រការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្មជាតិ។
ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានេះ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ក៏កំពុងបន្តកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់។ តាមរបាយការណ៍ផ្លូវការ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជាបានចុះបញ្ជីយានយន្តអគ្គិសនីសរុបចំនួន ១០,៥៦៨ គ្រឿង ដែលបង្ហាញពីនិន្នាការផ្លាស់ប្តូរទៅរកការដឹកជញ្ជូនប្រកបដោយបច្ចេកវិទ្យាទំនើប និងបរិស្ថានស្អាត។
ការដាក់ឱ្យដំណើរការវិទ្យាស្ថាននេះ ត្រូវបានចាត់ទុកថា ជាជំហានគន្លឹះមួយ ក្នុងការរៀបចំកម្ពុជាឲ្យស្របតាមបរិបទបច្ចេកវិទ្យាថ្មី និងការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាពនៅពេលអនាគត។
